(ទីក្រុងញូវយ៉ក) - អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយនៅថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាគួរតែលុបចោលជាបន្ទាន់នូវបញ្ជារបស់ខ្លួនដែលហាមឃាត់មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី មិនឲ្យវិលត្រឡប់មកកាន់កម្ពុជាវិញ។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើដំណើរទៅប្រទេសកម្ពុជា មិនឱ្យលោក រង្ស៊ី ចូលក្នុងប្រទេសវិញឡើយ។
លោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រចាំតំបន់អាស៊ីបាននិយាយថា "ការនិរទេសជាផ្លូវការរបស់មេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី គឺគ្រាន់តែជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់គណបក្សកាន់អំណាចដើម្បីឈ្នះការបោះឆ្នោតជាតិលើកក្រោយប៉ុណ្ណោះ ដោយធានាថាពួកគេមិនមានការប្រកួតប្រជែងពិតប្រាកដ"។ ម្ចាស់ជំនួយនៃប្រទេសកម្ពុជា និងសមាជិកអាស៊ាន គួរតែអំពាវនាវជាបន្ទាន់និងជាសាធារណៈ ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបញ្ចប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយរបស់គាត់ប្រឆាំងនឹងគណបក្សប្រឆាំង។
សេចក្តីបង្គាប់ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់រដ្ឋ បានចែងថា៖
- ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយមិនគួរអនុញ្ញាតឱ្យលោក សម រង្ស៊ី ឡើងជិះមកប្រទេសកម្ពុជានោះទេ។
- ប្រសិនបើលោក សម រង្ស៊ី កំពុងហោះហើរទៅកាន់ប្រទេសកម្ពុជា យន្តហោះនឹងត្រូវបានបញ្ជាឱ្យត្រលប់ទៅចំណុចដើមវិញ។
- ប្រសិនបើលោក សម រង្ស៊ី កំពុងហោះហើរមកកាន់ប្រទេសកម្ពុជា ហើយមកដល់ក្រុងភ្នំពេញ ឬសៀមរាប នោះយន្តហោះនឹងត្រលប់ទៅចំណុចដើមវិញ។ និង
- ប្រសិនបើលោក សម រង្ស៊ី ទទួលបានជោគជ័យក្នុងការហោះហើរ និងមកដល់ទីក្រុងភ្នំពេញ ឬសៀមរាប ហើយចាកចេញពីយន្តហោះ ប៉ូលីសអន្តោប្រវេសន៍ត្រូវចាត់វិធានការចាំបាច់ទាំងអស់ដើម្បីចាប់ខ្លួនគាត់។
រដ្ឋាភិបាលក៏បានបញ្ជាផងដែរដល់មន្ត្រី “ឱ្យប្រុងប្រៀប និងត្រួតពិនិត្យមើលនៅស្ថានីយ ឬច្រកព្រំដែនដទៃទៀត ដើម្បីរាយការណ៍ប្រសិនបើលោក សម រង្ស៊ី បានឆ្លងកាត់។ បន្ទាប់មក ចាត់វិធានការតាមនីតិវិធីដើម្បីរារាំងគាត់មិនឲ្យចូលប្រទេសកម្ពុជា។ សកម្មភាពទាំងនេះត្រូវអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់"
បទបញ្ជានេះរំលោភលើកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងប្រឆាំងនឹងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ កម្ពុជាជាភាគីនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដែលធានាសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។ មាត្រាទី១២ (៤) ចែងថា "គ្មាននរណាម្នាក់អាចត្រូវបានដកហូតតាមអំពើចិត្តនូវសិទ្ធិចូលក្នុងប្រទេសរបស់ខ្លួនឡើយ" ។ មាត្រាទី១៣ (២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ចែងថា "មនុស្សគ្រប់រូបមានសិទ្ធិចាកចេញពីប្រទេសណាមួយ រួមទាំងប្រទេសរបស់ខ្លួន, និងត្រឡប់មកប្រទេសរបស់គាត់វិញ” ។ មាត្រាទី៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា "ប្រជាពលរដ្ឋខ្មែរមិនគួរត្រូវបានដកហូតសញ្ជាតិ និរទេស ឬចាប់ខ្លួននិងបញ្ជូនទៅប្រទេសក្រៅទេ លុះត្រាតែមានកិច្ចព្រមព្រៀងលើការធ្វើបត្យាប័ន" ។
លោក អាដាម បាននិយាយថា "សកម្មភាពប្រឆាំងនឹងលោក សម រង្ស៊ី បង្ហាញពីចេតនារបស់លោក ហ៊ុន សែន ជាថ្មីម្តងទៀតក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជាឲ្យត្រឡប់ទៅជារដ្ឋឯកបក្ស ដោយផ្តល់ឱកាសតិចតួចសម្រាប់សំឡេងរិះគន់ឬសំឡេងប្រឆាំង" ។
បទបញ្ជានេះធ្វើឡើងបន្ទាប់ពីមានករណីព្រហ្មទណ្ឌជាច្រើនពាក់ព័ន្ធនឹងរឿងនយោបាយដែលប្រឆាំងនឹងលោក សម រង្ស៊ី ដែលជាមេដឹកនាំយូរអង្វែងរបស់គណបក្សសង្គ្រោះជាតិ ដែលបាននាំគាត់ឱ្យចាកចេញពីប្រទេសដើម្បីគេចពីការដាក់គុក។ រដ្ឋាភិបាលក៏បានអនុវត្តផងដែរនូវការចាប់ខ្លួននិងការឃុំខ្លួនដោយបង្ខំទៅលើសមាជិករបស់គណបក្សប្រឆាំងនៃរដ្ឋសភានិងព្រឹទ្ធសភា សកម្មជនបក្សប្រឆាំង និងសមាជិកនៃក្រុមសង្គមស៊ីវិល រួមទាំងបុគ្គលិកនៃសមាគមអាដហុកដែលមានគោរពជាអន្តរជាតិផងនោះ។
ក្នុងរយៈពេល ១២ខែកន្លងមកនេះ ដោយប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍ជាសាធារណៈជាបន្តបន្ទាប់ដែលធ្វើឡើងដោយគណបក្សសង្គ្រោះជាតិ ថាគណបក្សនេះនឹងឈ្នះការបោះឆ្នោតជាតិដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០១៨នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំដទៃទៀតនៃគណបក្សប្រជាជនកម្ពុជា (CPP) រួមទាំងកងកម្លាំងប្រដាប់អាវុធនិងនគរបាល បានធ្វើការគំរាមកំហែងជាសាធារណៈកាន់តែច្រើនឡើងៗ ប្រឆាំងនឹងបក្សប្រឆាំង។ ការគំរាមកំហែងទាំងនេះបានធ្វើឡើងបន្ទាប់ពីយុទ្ធនាការសាធារណៈមួយដើម្បីដកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានរដ្ឋសភា ពីតំណែងរបស់លោក។ នៅខែតុលា ឆ្នាំ២០១៥ ក្រុមមនុស្សដែលរៀបចំឡើងដោយគណបក្សប្រជាជន បានធ្វើការវាយដំយ៉ាងឃោរឃៅទៅលើសមាជិកសភាគណបក្សប្រឆាំងពីររូប។ បន្ទាប់មកគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតទម្លាក់លោក សុខា ពីតំណែងដឹកនាំនៅក្នុងរដ្ឋសភា។ ឥឡូវនេះគាត់កំពុងប្រឈមនឹងការដាក់ពន្ធនាគាក្រោមការចោទប្រកាន់ដោយហេតុផលនយោបាយដែលគាត់ត្រូវបានផ្តន្ទាទោសនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ។
លោក អាដាម បាននិយាយថា "ការនិរទេសអ្នកដឹកនាំគណបក្សប្រឆាំងក្នុងអំឡុងខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលត្រូវបានរំពឹងថាបញ្ចប់ការគ្រប់គ្រងតាមបែបគណបក្សតែមួយ គឺពិតជាគួរឲ្យអាម៉ាស់ខ្លាំងណាស់។ ប្រជាជនកម្ពុជាជាច្រើនសង្ឃឹមថាកិច្ចព្រមព្រៀងទីក្រុងប៉ារីស នឹងនាំមកនូវប្រជាធិបតេយ្យបែបពហុបក្ស ប៉ុន្ដែលោក ហ៊ុន សែន ហាក់ដូចជាមានបំណងត្រឡប់ទៅក្រោយវិញនូវការទទួលបានទាំងឡាយក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ” ។