Skip to main content

ប្រទេសថៃ៖ “ការសហការដូរដៃគ្នា” កំណត់គោលដៅវាយប្រហារអ្នកប្រឆាំងបរទេស និងជនភៀសខ្លួន

សូមបញ្ឈប់ការជួយប្រទេសជិតខាងក្នុងការធ្វើទុក្ខបុកម្នេញឆ្លងប្រទេស

ជនជាប់ចោទជាតិ អួយគ័រ ត្រូវបានគេ ចាប់បញ្ជូនត្រឡប់ទៅកាន់មន្ទីរឃុំឃាំងវិញ នៅទីក្រុងមួយ នាខេត្ត ស៊ុងក្លា ភាគខាងត្បូងប្រទេសថៃ។ ថ្ងៃទី ២៦ មិនា ឆ្នាំ ២០១៤ អត្ថបទ៖ ©️ 2014 Andrew RC Marshall/Reuters
  • អាជ្ញាធរថៃកំពុងជួយរដ្ឋាភិបាលប្រទេសជិតខាងខ្លួន ប្រព្រឹត្តអំពើខុសច្បាប់ប្រឆាំងនឹង​ជនភៀសខ្លួន និងអ្នកប្រឆាំងពីក្រៅប្រទេស ដែលនេះនាំអោយប្រទេសថៃ ចាប់ផ្តើមក្លាយជាទឹកដីដែលមិនមានសុវត្ថិភាពសម្រាប់អ្នកដែលរត់គេខ្លួនពីការរកចាប់ខ្លួន។
  • ការកំណត់គោលដៅបង្រ្កាបឆ្លងប្រទេសនេះត្រូវគេកត់សំគាល់ថាជា  “ការសហការដូរដៃគ្នា” ដែលអ្នកប្រឆាំងនៅក្រៅប្រទេសត្រូវបាន សហការគ្នាបង្រ្កាបយ៉ាងមានប្រសិទ្ធភាព ជាថ្នូរទៅនឹងការបង្រ្កាបអ្នកហ៊ានរិះគន់រដ្ឋាភិបាលថៃដែលកំពុងរស់នៅក្រៅប្រទេស។
  • រដ្ឋាភិបាលថៃគួរបើកការស៊ើបអង្កេតទៅលើការចោទថា មានការបំពារបំពាន ការគំរាមកំហែង ការឈ្លបយកការណ៍ និងការបង្ខំបញ្ជូនត្រឡប់ទៅប្រទេសវិញ​ ទៅលើជនអន្តោប្រវេសន៍ ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោននយោបាយ និងតួនាទីរបស់មន្ត្រីថៃក្នុងអំពើទាំងនេះ។

(ពីក្រុងបាងកក) អាជ្ញាធរថៃ កំពុងជួយរដ្ឋាភិបាលជិតខាងខ្លួនក្នុងការប្រព្រឹត្តអំពើខុសច្បាប់ ប្រឆាំងជនភៀសខ្លួន និងសកម្មជនប្រឆាំងពីក្រៅប្រទេស ដែលនេះនាំអោយ ប្រទេសនេះ កាន់តែក្លាយជាទឹកដីដែលមិនមានសុវត្ថិភាពសម្រាប់អ្នករត់គេចខ្លួនពីការចាប់ខ្លួន នេះបើតាមការលើកឡើង ក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលចេញផ្សាយថ្ងៃនេះ។​ ការកំណត់គោលដៅបង្រ្កាបឆ្លងប្រទេសនេះត្រូវគេកត់សំគាល់ថាជា “ការសហការដូរដៃគ្នា” ដែលអ្នកប្រឆាំងនៅក្រៅប្រទេសត្រូវបាន សហការគ្នាបង្រ្កាបយ៉ាងមានប្រសិទ្ធភាព ជាថ្នូរទៅនឹងការបង្រ្កាបអ្នកហ៊ានរិះគន់រដ្ឋាភិបាលថៃដែលកំពុងរស់នៅក្រៅប្រទេស។

នៅក្នុងរបាយការណ៍ក្រោមចំណងជើង “យើងស្មានថា យើងមានសុវត្ថិភាព៖ ការធ្វើទុក្ខបុកម្នេញ និងការបង្រ្កាបទៅលើជនភៀសខ្លួន នៅប្រទេសថៃ” បានរាយការណ៍យ៉ាងពិស្តារអំពីអាជ្ញាធរថៃបង្កើនការ បង្រ្កាបដោយផ្ទាល់ទៅលើជនបរទេស ដែលកំពុងស្វះស្វែងរកកិច្ចការពារក្នុងឋានៈជាជនភៀសខ្លួននៅប្រទេសថៃ។ រដ្ឋាភិបាលបរទេសកំពុងកំណត់អ្នកប្រឆាំង និងសកម្មជនទាំងឡាយដែលកំពុងរស់នៅប្រទេសថៃ ជាគោលដៅសម្រាប់ប្រព្រឹត្តអំពើបំពាបំពាន ការឈ្លបយកការណ៍ និងវាយប្រហារហិង្សា ហើយជាញឹកញាប់ មានការសហការ និងបានដឹងឮពីអាជ្ញាធរថៃ។ មានករណីមួយចំនួន ដែលមន្ត្រីថៃ បានចាប់ខ្លួនអ្នកស្វែងរកសិទ្ធិជ្រកកោននយោបាយ និងជនភៀសខ្លួន ហើយបញ្ជូនពួកគេត្រឡប់ទៅប្រទេសដើមវិញ ដោយមិនបានអនុលោមតាមដំណើរការត្រឹមត្រូវតាមច្បាប់។ 

“អាជ្ញាធរថៃ បានបង្កើនការអនុវត្តរបៀបជា “ការសហការដូរដៃគ្នា” ជាមួយរដ្ឋាភិបាលប្រទេសជិតខាង​ក្នុងការប្រព្រឹត្តអំពើខុសច្បាប់ ពោលគឺជាការដោះដូរគ្នាក្នុងការបង្ក្រាបសកម្មជនប្រឆាំងគ្នាទៅវិញទៅមក” នេះជាការលើកឡើងពីសំណាក់ អេលែន ភាសិន Elaine Pearson នាយកប្រចាំអាស៊ី នៃអង្គការឃ្លាំមើល​សិទ្ធិមនុស្ស។ គាត់បន្ថែមទៀតថា “លោកនាយករដ្ឋមន្ត្រីថៃ ស្រ៊ីថា ថាវីស៊ីន គួរបញ្ឈប់អំពើទាំងនេះ ហើយត្រូវនាំយកមកកាត់ទោស មន្ត្រីថៃទាំងឡាយណាដែលប្រព្រឹត្តកំហុសតាមរយៈការសហការជាមួយ​រដ្ឋាភិបាលបរទេសធ្វើសកម្មភាពខុសច្បាប់ទាំនេះ នៅក្នុងទឹកដីថៃ។”

ប្រយោគ “ការបង្រ្កាបឆ្លងព្រំដែន”​ មានន័យថា ជាការខិតខំប្រឹងប្រែងដោយ រដ្ឋាភិបាល ឬភ្នាក់ងាររបស់ខ្លួន ក្នុងការបំបិទសំឡេង ឬរារាំងអ្នកប្រឆាំង ដោយប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សប្រឆាំងពលរដ្ឋ ឬ​សមាជិកក្រុមអ្នកប្រឆាំងដែលជាពលរដ្ឋរបស់ខ្លួនកំពុងស្នាក់នៅក្រៅដែនដីរបស់ខ្លួន។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានវិភាគករណីចំនួន ២៥ ដែលកើតឡើងនៅប្រទេសថៃ ចន្លោះពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២៣ និងបានសំភាសន៍ជាមួយជនរងគ្រោះចំនួន ១៨ នាក់ ព្រមទាំងសមាជិកគ្រួសារគេ និងសាក្សី ព្រមជាមួយនឹងការទំនាក់ទំនងជាមួយតំណាង អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិមួយចំនួន។ ក្នុងចំណោមនោះ រដ្ឋាភិបាលដែលទទួលខុសត្រូវប្រព្រឹត្តអំពើខាងលើ រួមមាន បណ្តាប្រទេសសមាជិក សមាគមប្រជាជាតិ អាស៊ីភាគអគ្នេយ៍ (ASEAN) ព្រមទាំងប្រទេស ចិន និងប្រទេសបារ៉ែន។

ក្នុងករណីមួយ សកម្មជនប្រឆាំងម្នាក់ ដែលបានរត់គេចខ្លួនទៅកាន់ប្រទេសថៃកាលពីខែ កក្កដា ឆ្នាំ ២០២២ បានរាយការណ៍ថា គាត់ចាប់ផ្តើមទទួលបានលិខិតពីមន្ត្រីកម្ពុជា ទទូចអោយគាត់ចាកចេញ ពីគណបក្សប្រឆាំងដ៏សំខាន់មួយនៅកម្ពុជា។ ក្រោយពីគាត់ទទួលបានលិខិតនោះ រំលងប៉ុន្មានខែក្រោយមក មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមបានវាយប្រហារហិង្សាលើរាងកាយគាត់នៅខែ សីហា ឆ្នាំ ២០២៣។ គាត់ (សកម្មជនប្រឆាំងកម្ពុជា) និយាយថា “ពួកគេមិននិយាយស្តីអ្វីមកគាត់ទេ គេចុះពីរថយន្តហើយផ្តើមវាយមកលើខ្ញុំ”។

ក្នុងប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ នៅប្រទេសថៃ សកម្មជនប្រឆាំងពីប្រទេស វៀតណាម ត្រូវរងការតាមដាន និងចាប់ពង្រត់ ហើយអ្នកតស៊ូមតិដើម្បីប្រជាធិបតេយ្យរបស់ ឡាវ បានបាត់ខ្លួន ឬត្រូវបានសម្លាប់ និងសកម្មជនសិទ្ធិស្រឡាញ់ភេទដូចគ្នា (LGBTI) របស់ម៉ាឡេស៊ីត្រូវកំណត់មុខសញ្ញាសម្រាប់ការចាប់បញ្ជូនទៅប្រទេសដើមវិញ។ អាជ្ញាធរថៃ បានចាប់ឃុំខ្លួន និងចាប់បញ្ជូនទៅប្រទេសដើមវិញទាំងខុសច្បាប់នូវអ្នកប្រឆាំង និងជនភៀសខ្លួនចិន ដោយគ្រាន់តែមានសំណើពីរដ្ឋាភិបាលចិន។ អាជ្ញាធរថៃក៏បានចាប់ឃុំខ្លួនផងដែរនូវអ្នកទេសចរ ជាកីឡាករបាល់ទាត់អាជីពពីប្រទេសបារ៉ែន មានឋានៈជនភៀសខ្លួន នៅអូសស្ត្រាលី ហើយស្ទើរតែបានបញ្ជូនគាត់ត្រឡប់ទៅកាន់ប្រទេសបារ៉ែនវិញទៅហើយ។

ក្នុងពេលជាមួយគ្នា សកម្មជនថៃមួយចំនួនត្រូវបានសម្លាប់ ឬបាត់ខ្លួននៅ កម្ពុជា ឡាវ និងវៀតណាម។ បំណែកសាកសព្វនៃសកម្មជនបាត់ខ្លួនពីរនាក់ ក្រោយមកត្រូវបានរកឃើញអណ្តែតក្នុងទឹកទន្លេមេគង្គ។

ការរៀបចំ “ការសហការដូរដៃគ្នា” បន្តកើនឡើងក្រោមរដ្ឋាភិបាលយោធា គឺ ក្រុមប្រឹក្សាដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់ជាតិថៃ ដែលឡើងកាន់អំណាច ក្រោយរដ្ឋប្រហារកាលពីខែ ឧសភា ឆ្នាំ ២០១៤ និងបានបន្តមកដល់រដ្ឋាភិបាលស៊ីវិលក្រោយឆ្នាំ ២០១៩ ដឹកនាំដោយនាយករដ្ឋមន្ត្រី ឧត្តមសេនី ប្រាយុទ្ធ ចាន់អូឆា។

អាជ្ញាធរថៃ ក្រៅតែពីការសម្របសម្រួលដល់ការវាយប្រហារ ការចាប់ពង្រត់ ការធ្វើអោយបាត់ខ្លួន និងការបំពានផ្សេងៗទៀត ក៏មានការរំលោភជាញឹកញាប់ទៅលើគោលការណ៍នៃការ មិនបញ្ជូនដោយបង្ខំ ជាគោលការណ៍សកលដែលហាមការចាប់បញ្ជូនជនណាម្នាក់ទៅកាន់ កន្លែង ដែលនាំអោយរងហានិភ័យ​ពីការចាប់ខ្លួន ការធ្វើទារុណកម្ម ឬការព្យាបាទផ្សេងៗ ឬការគំរាមដល់ជីវិត។

អាជ្ញាធរថៃ នៅបានចាប់ខ្លួន និងបញ្ជូនត្រឡប់ទៅប្រទេសដើមវិញជាហូរហែ នូវអ្នកហ៊ានរិះគន់ និងសមាជិកក្រុមប្រឆាំង បើទោះជាពួកគេទាំងនោះទទួលបានឋានៈជាជនភៀសខ្លួនកំណត់ និងផ្តល់ជូនដោយភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនក៏ដោយ។ សកម្មជនកម្ពុជាមួយរូប បានអង្វរប្រាប់ទៅប៉ូលីសថៃថា “គាត់នឹងត្រូវគេសម្លាប់ ឬចាប់ដាក់ពន្ធនាគារ...បើត្រូវបញ្ជូនទៅស្រុកវិញ” ប៉ុន្តែ នៅតែត្រូវអាជ្ញាធរថៃបញ្ជូនទាំងបង្ខំត្រឡប់ទៅកម្ពុជាវិញតែប៉ុន្មានថ្ងៃក្រោយការចាប់ខ្លួន។

សកម្មភាពទាំងនេះរបស់អាជ្ញាធរថៃ មិនត្រឹមតែបានរំលោភច្បាប់ទម្លាប់អន្តរជាតិទេ ប៉ុន្តែ នៅបានរំលោភបំពានអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងការធ្វើទារុណកម្ម និងសន្ធិសញ្ញាផ្សេងទៀត​ដែលប្រទេសថៃបានផ្តល់សច្ចាប័ន ប្រឆាំងនឹងការបញ្ជូនត្រឡប់ដោយបង្ខំ។​ សកម្មភាពទាំងនេះក៏បានបំពានផងដែរទៅលើច្បាប់របស់ប្រទេសថៃ ចែងអំពីការការពារ និងបង្ក្រាបដល់រាល់ទម្រង់ទាំងអស់​នៃការធ្វើទារុណកម្ម និងការធ្វើអោយបាត់ខ្លួន  ដែលចូលជាធរមានបញ្ញត្តិកាលពីខែកុម្ភៈ ឆ្នាំ ២០២៣។ ក្នុងច្បាប់នេះមានប្រការមួយចែងថា “មិនមានស្ថាប័នរដ្ឋ ឬមន្រ្តីសាធារណៈណាមួយអាចអនុវត្ត ការបណ្តេញ​ចេញ ការបញ្ជូនត្រឡប់ ឬធ្វើបត្យាប័នជនណាមួយទៅកាន់រដ្ឋផ្សេងបានទេ កាលបើបានពិនិត្យឃើញ នូវមូលដ្ឋានដែលគេជឿថា ជននោះនឹងរងនូវហានិភ័យចំពោះការធ្វើទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ ការព្យាបាទនានា ឬការធ្វើអោយបាត់ខ្លួនជាដើម។”​

រាជរដ្ឋាភិបាលថៃ គួរបើកការស៊ើបអង្កេតពេញលេញ និងមិនលំអៀងចំពោះការចោទថាមាន ការបំពាន គំរាមកំហែង ការឈ្លបយកការណ៍ បញ្ចូនត្រឡប់ដោយបង្ខំពីប្រទេសថៃ ធ្វើឡើងដោយរដ្ឋាភិបាល​បរទេស ប្រឆាំងជនអន្តោប្រវេសន៍ ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោននយោបាយនៅប្រទេស​ថៃ និងតួនាទីរបស់មន្ត្រីថៃទាំងឡាយណាដែលបានចូលរួមក្នុងអំពើទាំងនោះ។ នេះជាការលើកឡើង ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស។

“លោកនាយករដ្ឋមន្ត្រី ស្រ៊ីថា គួរចាប់ផ្តើមស្តារកិត្តិយសប្រទេសថៃដែលសម្យទទួលបានថា​ ជាប្រទេសមួយមានសុវត្ថិភាពសម្រាប់អ្នកប្រឆាំង មកពីក្រៅប្រទេស”​។ ជាការលើកឡើងដោយ Pearson “គាត់គួរដាក់បទបញ្ជាភ្លាមអោយមានការស៊ើបអង្កេត ពេញលេញ និងប្រកបដោយតម្លាភាពទៅក្នុង ការចាប់ខ្លួនតាមទំនើងចិត្ត ការវាយប្រហារហិង្សា និងការចាប់បញ្ជូនដោយបង្ខំទៅប្រទេសដើមវិញ នៃជនភៀសខ្លួន និងអ្នកនយោបាយប្រឆាំង”។

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed