Skip to main content

លោក ហ៊ុន សែន និងពួកឧត្ដមសេនីយ៍រំលោភសិទ្ធិមនុស្សរបស់គាត់

វីដេអូ (video) បង្ហាញពីទ្រព្យសម្បត្តិ ដែលមិនអាចពន្យល់បានរបស់ឧត្តមសេនីយ៍បាតដៃកខ្វក់ ១២រូប ស្របគ្នានឹងចំនួនអ្នកទោសនយោបាយកាន់តែកើនឡើង

Read a text description of this video

មន្ត្រី​ទាំង​នេះ គឺ​ជា​ខ្នង​បង្អែក ឱ្យ​របប​នយោបាយ​រំលោភ​បំពាន​មួយ

មន្ត្រី​ទាំង​នេះ គឺ​ជា​ខ្នង​បង្អែក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​រំលោភ​សិទ្ធិមនុស្ស

ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

ការ​រំលោភ​បំពាន​ទាំង​នោះ​រួម​មាន

·  ការ​សម្លាប់

·  ការ​ធ្វើ​ទារុណកម្ម

·  ការ​ចាប់ចង​តាម​ទំនើង​ចិត្ត

· ការ​ឃុំ​ខ្លួន​ក្នុង​រយៈ​ពេល​យូរ

· ការ​ឆក់​ប្លន់​យក​ដីធ្លី និង​ការ​រំលោភ​បំពាន​ផ្សេងៗ ទៀត

តុលាការ​កម្ពុជា​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក សម រង្សី ជា​មេ​បក្ស​ប្រឆាំង

អាជ្ញាធរ​កម្ពុជា​បង្កើន​ការ​បង្ក្រាប​លើ​បក្ស​ប្រឆាំង នៅ​ពេល​លោក សម រង្សី ជិត​វិល​ចូល​ស្រុក

តុលាការ​កម្ពុជា​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក សម រង្សី មេ​បក្ស​ប្រឆាំង

ឧត្ដមសេនីយ៍​ជា​ច្រើន​រូប​មាន​ប្រាក់​ខែ​មិន​សូវ​ច្រើន​ទេ ប៉ុន្តែ​ពួក​គេ​ម្នាក់ៗ មាន​ទ្រព្យ​សម្បត្តិ​មហាសាល ដែល​មិន​អាច​ពន្យល់​បាន

ទាំង​នេះ​គឺ​ជា​ភូមិ​គ្រឹះ​ខ្លះៗ របស់​ពួក​គេ

ភាព​ក្រីក្រ​កើត​មាន​ពាសពេញ​ប្រទេស ជា​ពិសេស នៅ​ទី​ជនបទ 

សន្ទស្សន៍​យល់​ដឹង​អំពី​អំពើ​ពុករលួយ​ឆ្នាំ ២០១៩

គ្រោះថ្នាក់​នៃ​ការ​សូកប៉ាន់

ឧត្ដមសេនីយ៍ នេត សាវឿន ក៏​រស់​នៅ​ក្នុង​វិមាន​ស្កឹមស្កៃ​ដែរ

ប្រពន្ធ​របស់​គាត់ គឺ​លោកស្រី គឹម ឡេង បាន​ចំណាយ​លុយ ២ លាន ៧ សែន​ដុល្លារ ទិញ​វីឡា​មួយ​នៅ​ប្រទេស​ស៊ីប

ឧត្ដមសេនីយ៍​ទាំង ១២ រូប និង​សមាជិក​គ្រួសារ​របស់​ពួក​គេ​ជាប់​ឈ្មោះ​ថា មាន​ទ្រព្យ​លាក់​ទុក​នៅ​ក្រៅ​ប្រទេស​តម្លៃ​រាប់​សិប​លាន​ដុល្លារ

គ្រួសារ​របស់​ពួក​គេ​អួត​សម្ញែង​ទ្រព្យ និង​ជីវិត​ហ៊ឺហា​ចាយវាយ​ខ្ជះខ្ជាយ នៅ​ក្នុង​បណ្ដាញ​សង្គម

លោក ហ៊ុន សែន និង​ពួក​ឧត្ដមសេនីយ៍​របស់​គាត់ គួរ​តែ​ត្រូវ​គេ​ស៊ើបអង្កេត​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត

បណ្ដា​រដ្ឋាភិបាល​នានា គួរ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ លើ​អ្នក​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដូច​ជា ហាម​ធ្វើ​ដំណើរ និង​បង្កក​ទ្រព្យសម្បត្តិ​ពួក​គេ ជាដើម

ម្ចាស់​ជំនួយ​គួរ​ដាក់​លក្ខខណ្ឌ​ទៅ​លើ​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម និង​ទៅ​លើ​ជំនួយ​របស់​ពួក​គេ ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ចប់​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​ឱ្យ​ធ្វើ​កំណែ​ទម្រង់​កង​កម្លាំង​សន្តិសុខ​កម្ពុជា ដែល​រំលោភ​បំពាន​សិទ្ធិមនុស្ស

ទីក្រុងញូយ៉ក (New York) ថ្ងៃទី២២ តុលា ២០២០– កម្ពុជាកាន់តែក្លាយទៅជារបបផ្ដាច់ការ និងការដឹកនាំដោយឯកបក្ស ដោយសារតែពួកឧត្ដមសេនីយ៍ក្នុងជួរកងកម្លាំងសន្តិសុខ ដែលជាអ្នកទទួលខុសត្រូវ ចំពោះការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និងជាប្រព័ន្ធ។ នេះជាសេចក្តីថ្លែងការណ៍ចេញថ្ងៃនេះរបស់អង្គការ​សិទិ្ធមនុស្ស យូមែន រ៉ៃស៍ វច្ឆ៍ (Human Rights Watch) ស្របពេលអង្គការនេះទើបបញ្ចេញរបាយការណ៍ថ្មី​មួយ​មានកម្រាស់ ២៧១ទំព័រ ជាភាសាខ្មែរ ដែលមាន​ចំណង​ជើង​ថា៖ ឧត្តមសេនីយ៍បាតដៃ​កខ្វក់ទាំង ១២នាក់ នៅកម្ពុជា៖ ប្រវត្តិដ៏យូរអង្វែងនៃការរំលោភសិទ្ធិមនុស្សដោយឧត្តមសេនីយ៍របស់លោក ហ៊ុន សែន។

អង្គការសិទិ្ធមនុស្ស យូមែន រ៉ៃស៍ វច្ឆ៍ ក៏បានបញ្ចេញវីដេអូឃ្លិបមួយ ដែលបង្ហាញពីទ្រព្យសម្បត្តិ​ខ្លះៗ ដែល​មិន​អាចពន្យល់បានរបស់ឧត្តមសេនីយ៍បាតដៃ​កខ្វក់ ១២ រូបនេះ និងក្រុមគ្រូសាររបស់ពួកគេ។ ចាប់តាំង​ពីការ​បញ្ចេញរបាយការណ៍ជាភាសាអង់គ្លេស នៅឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បន្តទទួលបានផលប្រយោជន៍ពីការ​គាំទ្រដោយឥតងាករេ ពី​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរកងទ័ព កងរាជអាវុធហត្ថ និងនគរបាល ដើម្បីកម្ចាត់​ចោលក្រុមអ្នកនយោបាយប្រឆាំង និង​រម្លាយ​គណបក្ស​ប្រឆាំង​ធំមួយយ៉ាងមានប្រសិទ្ធភាព ហើយបន្ទាប់មករៀបចំការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៨ ដែលជាការ​បោះឆ្នោតមួយគ្មានន័យ។

ឥឡូវនេះប្រទេសកម្ពុជាមានអ្នកទោស​នយោបាយ​ជាង ៥០នាក់ហើយ និងជាង១០នាក់ផ្សេងទៀតកំពុងប្រឈមមុខនឹងការចោទប្រកាន់។

របាយការណ៍នេះ ឆ្លុះបញ្ចាំងនូវមន្ត្រីជាន់ខ្ពស់គ្រប់គ្រងផ្នែកសន្តិសុខសន្តិសុខចំនួន ១២រូប ដែល​ជា​ខ្នង​បង្អែក​នៃ​របប​នយោបាយ​មួយ ដែលរំលោភបំពាន និងផ្ដាច់ការ។ ចាប់តាំងពីឆ្នាំ ២០១៨ មក មន្ត្រី ៣រូប​ក្នុង​ចំណោម ១២ នោះ ត្រូវបានដំឡើងឋានន្តរស័ក្ត និងម្នាក់បានទទួលមរណភាព។ ម្នាក់ៗនៃមន្ត្រី ដែល​បាន​បុណ្យ​ស័ក្ដិ​ខ្ពង់ខ្ពស់ និង​មុខ​តំណែងខ្លាញ់ទាំងនេះ សុទ្ធតែជំពាក់គុណលោក ហ៊ុន សែន និងមានទំនាក់​ទំនងនឹងគ្នា​រាប់​សិប​ឆ្នាំមកហើយ។ ម្នាក់ៗ សុទ្ធតែបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការរំលោភបំពានសិទ្ធិមនុស្សជំនួស​លោក ហ៊ុន សែន។ មន្ត្រីទាំងនេះបំពេញការងារការពាររបបគ្រប់គ្រងរបស់លោក ហ៊ុន សែន ដែលកាន់អំណាចជាង ៣៥ឆ្នាំមកហើយ ជាជាងបំពេញការងារបំរើផលប្រយោជន៍សាធារណៈ។ ក្នុងវិជ្ជាជីវៈបម្រើការឱ្យរដ្ឋាភិបាល ពួកគេម្នាក់ៗ ទទួលបានប្រាក់ខែសមល្មមទេ ប៉ុន្តែពួកគេមានទ្រព្យ​សម្បត្តិអាថិកំបាំងយ៉ាងច្រើនសម្បើម ដែល​មិន​អាច​បកស្រាយបាន។

លោក ប៊្រែដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូ មែន រ៉ៃស៍ វ៉ច្ឆ ប្រចាំតំបន់​អាស៊ី និយាយថា ជាច្រើនឆ្នាំកន្លងទៅនេះ លោក ហ៊ុន សែន បានបង្កើតនិងបណ្ដុះបណ្តាលក្រុមមន្ត្រីស្នូល​ផ្នែក​សន្តិសុខ

ដែលពួកគេបានធ្វើតាមបញ្ជារបស់គាត់យ៉ាងឃោរឃៅ និងគ្មានធម៌​​មេត្តា។ ភាពសំខាន់របស់​ក្រុមឧត្ដមសេនីយ៍កម្ពុជាទាំងនេះ បានស្ដែងចេញកាន់តែច្បាស់តាមរយៈការបង្ក្រាប​ទ្រង់ទ្រាយ​ធំទៅលើ​អ្នកសារព័ត៌មាន អ្នកនយោបាយជំទាស់ និងអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ក្នុង​​រយៈ​ពេល​ពីរ​ឆ្នាំកន្លង​ទៅ​នេះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ បានចងក្រងទុកជាឯកសារនូវកំណត់ត្រានៃការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​របស់​លោក ហ៊ុន សែន តាំងពីយូរលង់មកហើយ។ រយៈពេលជាងបីទសវត្សមកនេះ មាន​អ្នកប្រឆាំង អ្នកកាសែត មេដឹកនាំសហជីព មនុស្សផ្សេងទៀត សរុបរាប់រយនាក់ ត្រូវបានគេសម្លាប់ក្រោម​ហេតុផល​នយោបាយ។ ទោះជាក្នុងករណីជាច្រើន គេបានស្គាល់ថា អ្នកដែលទទួលខុសត្រូវក្នុងការសម្លាប់​នោះជាសមាជិកកងកម្លាំងសន្តិសុខក្ដី ក៏គ្មានករណីណាមួយ ត្រូវបានគេស៊ើបអង្កេត និងកាត់ទោស​ឱ្យបាន​ម៉ត់ចត់គួរទុកចិត្តបានទេ គឺគេទុកឲ្យអ្នកនោះនៅរួចខ្លួនផុតពីការកាត់ទោស។ ករណីខ្លះ អ្នកកេះកៃកាំភ្លើង ឬ​អ្នក ដែលគេទម្លាក់កំហុសដាក់ ត្រូវបានគេកាត់ឲ្យជាប់ទោស រីឯថ្នាក់លើ គេទុក​ឱ្យ​នៅរួច​ខ្លួន​ដោយ​មិន​អាច​ប៉ះពាល់​បាន។ កងកម្លាំងសន្តិសុខ បានចាប់ខ្លួន វាយដំ យាយីរំខាន និងបំភិតបំភ័យ អ្នករិះគន់​រដ្ឋាភិបាល​ជា​ច្រើននាក់ រួមទាំងបុគ្គលិកសិទ្ធិមនុស្ស សកម្មជនសិទ្ធិការងារ សកម្មជនខាងដីធ្លី អ្នកសរសេរ​ប្លុក (blogger) និងមនុស្សមួយចំនួនផ្សេងទៀត ដែលបញ្ចេញមតិទស្សនៈរបស់ខ្លួនតាមអនឡាញ (Online) ជាដើម។

លោក ហ៊ុន សែន ដឹកនាំការគាបសង្កត់របស់លោកដោយការដំឡើងបុណ្យស័ក្ដិដល់នរណាដែលស្មោះស្ម័គ្រ​នឹងគាត់ ជាជាងការដំឡើងតាមគុណសម្បត្តិការងារ ដែលពួកគេបានបម្រើការជាផ្លូវការនៅតាមក្រសួង​ស្ថាប័ន​នានា ដូចជាស្ថាប័នទាហាន កងរាជអាវុធហត្ថ នគរបាលជាដើម។

របាយការណ៍នេះ រៀបរាប់លម្អិតអំពីការទទួលខុសត្រូវរបស់មន្ត្រីជាន់ខ្ពស់ក្នុងកម្លាំងសន្តិសុខចំនួន ១២នាក់ ដែលរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីទសវត្សឆ្នាំ ១៩៧០ រហូតមកដល់បច្ចុប្បន្ន។ ខាង​ក្រោមនេះ គឺជាមុខតំណែង​នីមួយៗរបស់មន្ត្រីជាន់ខ្ពស់ទាំង១២រូបនោះ រាប់ពីឆ្នាំ២០១៨ និងការប្រែប្រួលពី​ពេល​នោះ​មក៖

១. ឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានជំនួសដោយឧត្តមសេនីយ៍ វង្ស ពិសេន នៅខែកញ្ញា ឆ្នាំ២០១៨។ លោក ប៉ុល សារឿន បច្ចុប្បន្នជាទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស។

. ឧត្តមសេនីយ៍ គន់ គីម​ អគ្គមេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចំរុះនៃកង​យុទ្ធ​ពល​ខេមរភូមិន្ទ ត្រូវបាន​ជំនួសដោយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅខែកញ្ញា ឆ្នាំ២០១៨។ លោក គន់ គីម​ បច្ចុប្បន្នជាទេសរដ្ឋមន្ត្រី ទទួល​បន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ និង​ជា​អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

៣. ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ជាតិ។ លោកនៅកាន់តំណែងនេះដដែល។

៤. ឧត្តមសេនីយ៍ ​នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ លោកនៅកាន់តំណែងនេះដដែល។

៥. ឧត្តមសេនីយ៍ ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤។ លោក ជា ម៉ន ទទួលមរណភាពនៅថ្ងៃទី ២៣ តុលា ឆ្នាំ២០១៨។ តំណែងរបស់លោកត្រូវបានជំនួសដោយ​ឧត្តមសេនីយ៍ទោ ពៅ ហេង។

៦. ឧត្តមសេនីយ៍ ប៊ុន សេង មេបញ្ជាការរង​កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ត្រូវបាន​ដំឡើងឋានៈជារដ្ឋលេខាធិការនៃក្រសួងការពារជាតិ នៅថ្ងៃទី១ មិនា​ ឆ្នាំ២០១៩។ តំណែងរបស់គាត់ត្រូវបាន​ជំនួសដោយឧត្ដមសេនីយ៍​ឯក ឯក សំអូន។ 

៧. ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ​ទី២។ លោកនៅកាន់តំណែងនេះដដែល។

៨. ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការ​កង​ពល​តូចទ័ពពិសេសឆ័ត្រយោង៩១១។ លោកនៅកាន់តំណែងនេះដដែល។
៩. ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ​កងរាជ​អាវុធហត្ថ​រាជធានីភ្នំពេញ។ លោកនៅកាន់តំណែងនេះដដែល។

១០. ឧត្តមសេនីយ៍ សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងអគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រូវបានដំឡើងឋានៈជារដ្ឋលេខាធិការនៃក្រសូងមហាផ្ទៃ។ ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ ឡើង​កាន់​តំណែង​ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសលោក សុខ ផល នៅកញ្ញា ឆ្នាំ២០១៨។

១១. ឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។ លោកនៅកាន់តំណែងទាំងពីរនេះដដែល។

១២. ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ លោក​ត្រូវបានផ្លាស់ចេញទៅកាន់តំណែងអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុង​ខែកញ្ញា ឆ្នាំ ២០១៨។ ឧត្តមសេនីយ៍ឯក ស ថេត បានឡើងកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ និង​ជាស្នងការនគរបាលរាជធានីភ្នំពេញ ជំនួសលោក ជួន សុវណ្ណ។

បើទោះជាមន្ត្រីទាំងនេះ មានភារកិច្ចទទួលខុសត្រូវតាមច្បាប់តំណាងឲ្យរដ្ឋ ជាជាងតំណាងឲ្យគណបក្ស​នយោបាយ ហើយត្រូវបំពេញតួនាទីរបស់ខ្លួនដោយមិនលម្អៀង និងដោយអព្យាក្រឹតក្ដី ក៏រាល់​សកម្មភាព​ជា​ចំហរបស់ពួកគេ លម្អៀងខ្លាំងទៅគណបក្សតែម្ដង។ ម្នាក់ៗ នៃមន្ត្រីទាំង ១២ រូបនេះ ជាសមាជិក​គណៈកម្មាធិការ​កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណៈកម្មាធិការជាន់​ខ្ពស់បំផុតសម្រាប់​បង្កើត​គោលនយោបាយរបស់បក្ស។ សមាជិកគណៈកម្មាធិការកណ្ដាលបក្សប្រជាជនកម្ពុជា ត្រូវ​អនុវត្តរាល់​គោលនយោបាយរបស់បក្ស ដែលនេះជាបញ្ហាទំនាស់ទៅនឹងបទដ្ឋាន​សិទ្ធិមនុស្សអន្តរជាតិ។ គោលការណ៍​សិទ្ធិមនុស្សអន្តរជាតិ គឺការពារសមាជិកកងកម្លាំងប្រដាប់អាវុធ ឱ្យមានសិទ្ធិជាសមាជិកបក្សនយោបាយ​ណា​មួយ មានសិទ្ធិបោះឆ្នោត និង​មានសិទ្ធិបញ្ចេញមតិឯកជនរបស់ខ្លួន។ ក៏ប៉ុន្តែក្នុងពេលបំពេញការងារវិជ្ជាជីវៈ​របស់​ខ្លួន ពួកគេមិនអាច​លម្អៀងខាងនយោបាយណាទេ បើមិនដូច្នេះទេ សាធារណជននឹងមើលឃើញថា កងកម្លាំងប្រដាប់​អាវុធទាំងនោះ កាន់ជើងគណបក្សមួយនេះ ឬមួយនោះជាមិនខានឡើយ។

ដូចគ្នានឹងលោក ហ៊ុន សែន ដែរ ភាគច្រើននៃមន្ត្រីជាន់ខ្ពស់ទាំងនេះជាសមាជិកនៃរបបខ្មែរក្រហម ចន្លោះ​ពី​ខែមេសា ឆ្នាំ ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩ ដែលទទួលខុសត្រូវចំពោះការស្លាប់ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ប្រមាណ ១លាន ២ សែននាក់ ទៅ ២ លាន ៨ សែននាក់។

លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ ១៩៨៥។ ចាប់តាំងពីឆ្នាំ ២០១៥ គាត់បានក្លាយជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងអំណាចតាំងពីឆ្នាំ ១៩៧៩។ ឥឡូវនេះ លោក ហ៊ុន សែន គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំផ្តាច់ការយូរជាងគេ៥នាក់ នៅក្នុងពិភពលោក។ ថ្លែងជាសាធារណៈ លោក ហ៊ុន សែន ចាត់ទុកខ្លួនឯងថា ជាមនុស្សអស្ចារ្យលើសគេ ហើយបានព្យាយាមបង្កើតជំនឿបុគ្គលនិយម ឱ្យគេគោរព​បូជា​ចំពោះ​គាត់ និងយកឈ្មោះខ្លួនឯងទៅដាក់ឈ្មោះសាលារៀនរដ្ឋជាច្រើនរយសាលា (ដែលកសាងឡើង​ដោយ​លុយ​ពី​ម្ចាស់ជំនួយជាច្រើន)។ គោរមងាររបស់លោក ហ៊ុន សែន ជាភាសាខ្មែរ គឺ "សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន" ដែលបកសម្រាយជាភាសាធម្មតាថា៖ សម្តេច មេទ័ពកំពូល ដ៏មហាខ្លាំងក្លា​អស្ចារ្យ​ប្រកបដោយ​គតិគុណ និងជ័យជម្នះ។ លោក ហ៊ុន សែន ពាក់ស័ក្កឱ្យខ្លួនឯង ជាឧត្ដមសេនីយ៍ផ្កាយ​មាស​ប្រាំ​ផុត​លេខ​ជា​អមតៈ។

លោក ប៊្រេដ អាដាមស៍ (Brad Adams) ថ្លែងថា គ្មានមេដឹកនាំផ្ដាច់ការណាឡើងដល់កំពូលបានដោយគ្មាន​ការ​ជួយ​ជ្រោមជ្រែង​គាំទ្រពីក្រុមមនុស្សឃោរឃៅឥតធម៌មេត្តានោះទេ។ នៅខាងក្រោមលោក ហ៊ុន សែន មាន​មន្ត្រីស្នូលនៃឧត្ដមសេនីយ៍មួយក្រុម ដែលជាក្រុមរំលោភបំពាន និងបំភិតបំភ័យពលរដ្ឋកម្ពុជា ហើយ​មាន​ចិត្តគំនិតប្រមាថមើលងាយលទ្ធិប្រជាធិបតេយ្យពហុបក្ស ដូចលោក ហ៊ុន សែន ដែលបានបង្ហាញឱ្យឃើញពេញ​រយៈពេលនៃការកាន់អំណាច ៣៥ឆ្នាំ របស់លោកកន្លងទៅនេះ។ គេត្រូវតែកោះហៅក្រុមឧត្ដមសេនីយ៍ទាំងនេះ និងចៅហ្វាយនាយរបស់​ពួក​គេ​ ឱ្យមកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មជាច្រើន ដែលពួកគេបានប្រព្រឹត្ត៕

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country